សាវតារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ជាភាសាអង់គ្លេសមានឈ្មោះថា CAMBODIA VETERANS AND PENSIONERS ASSOCIATION ត្រូវបានផ្លាស់ប្ដូរឈ្មោះពីសមាគមអតីតយុទ្ធជនកម្ពុជា (CAMBODIA VETERANS) ដោយបានធ្វើវិសោធនកម្មលក្ខន្តិកៈថ្មី និងត្រូវបានអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ៧ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥។
សមាគមត្រូវបានបង្កើតឡើងដំបូង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពនៃកម្ពុជា គឺជាវរជនឆ្នើម ដែលបានលះបង់គ្រប់បែបយ៉ាង និងបានយកជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជន បានរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យជាប្រវត្តិសាស្រ្តនាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ តាមរយៈការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដោយបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បាននាំមកនូវពន្លឺសន្តិភាពក្រាលគ្របលើដែនសុវណ្ណភូមិ ប្រជាជនរស់នៅដោយសុខសុវត្ថិភាពពេញបរិបូរណ៍ ទទួលបានឯកភាពទឹកដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអតីតយុទ្ធជនក្នុងជម្លោះបានធ្វើសមាហរណកម្មមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារសពអតីតយុទ្ធជន តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និង វិធានការនានា ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតិភូមិជាទីស្នេហានៃយើង។
ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គមជាតិ និងដើម្បីលើកទឹកចិត្តដល់អតីតមន្ត្រីរាជការស៊ីវិល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានផ្តួចផ្តើមឱ្យពង្រីកវិសាលភាពនៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលជាសមាជិកនៃសមាគម ក្រោមការដឹកនាំដោយសម្ដេចតេជោផ្ទាល់ ពោលគឺសម្ដេចនឹងបន្តលើកស្ទួយជីវភាពអតីតយុទ្ធជន និវត្តជន និងគ្រួសារ ទាំងស្មារតី និង សម្ភារ: ក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមកម្ពុជា ប្រកបដោយភាពជឿជាក់ និងប្រាកដនិយម។ សម្ដេចតេជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់ជាមួយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដោយបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្តី្ររាជការស៊ីវិល និងគ្រួសារ ឱ្យប្រកបដោយសុខុដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍។ កិច្ចការទាំងនោះរួមមាន ការបង្កើតមុខរបរ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្តល់ដីសម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិនរំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់ មានធនធាន ដីធ្លី លំនៅដ្ឋាន សម្រាប់ប្រកបរបរផ្សេងៗ។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ជាស្ថាបនិកដែលបានផ្ដួចផ្ដើមបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ហើយសម្ដេចគឺជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ពេញមួយជីវិត ដើម្បីជាម្លប់ និងដឹកនាំសមាគមដើម្បីលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជនកម្ពុជា ឱ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។