អ.ន.ក.ខេត្តបាត់ដំបង ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើវត្ត
14 កក្កដា 2026
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពហេដ្ឋារចនាក្នុងភូមិអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំឆ្នាល់មាន់ និងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នាឱកាសនោះ ឯកឧត្តម គន់ គីម បានតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អ.ន.ក.ខេត្ត ស្រុក និងសាខាឃុំ ដែលបានមើលថែ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនស្នាក់នៅភូមិទាំងពីរ។ ឯកឧត្តម មានប្រសាសន៍ថា ស្របនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភូមិ សមាគមបានជំរុញឱ្យមន្ទីរជំនាញពន្លឿនក្នុងការបោះបង្គោលព្រំដីកសិកម្មចំនួន ៣០០ហិចតា ដើម្បីត្រៀមចែកជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅទីនេះ។ បន្ថែមពីនេះសមាគមនឹងជីកស្រះទឹកបន្ថែមមួយទៀត ដែលមានប្រវែង ទទឹង ១០០ម៉ែត្រ បណ្ដោយ ២០០ម៉ែត្រ និងជម្រៅ ០៩ម៉ែត្រ ដើម្បីជាប្រយោជន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារប្រើប្រាស់។
ដោយឡែក ចំពោះភូមិអតីតយុទ្ធជន នៅឃុំដូនបារ ឯកឧត្តម គន់ គីម បានណែនាំមន្ទីរជំនាញរៀបចំប្លង់លើដីសម្បទានសង្គមកិច្ច ដើម្បីសាងសង់ផ្ទះជូន អតីតយុទ្ធជន និងនិវត្តជន ប្រមាណចំនួន ៣០គ្រួសារបន្ថែមផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានសំណូមពរដល់ថ្នាក់ដឹកនាំ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខាឃុំ-សង្កាត់ជំរុញ និងពិនិត្យមើលការចុះឈ្មោះ និងវាយតម្លៃលើលិខិតស្នើសុំផ្ទះនៅទូទាំងខេត្តទាំងអស់ឱ្យមានសុក្រឹត្យភាព និងត្រឹមត្រូវ៕