តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើសមយុទ្ធសង្គ្រោះប្រជាពលរដ្ឋជាក់ស្តែងនៅលើផ្ទៃទឹក
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន សហការជាមួយកម្លាំងកងពលតូចលេខ៧០ សរុបជាង ១០០នាក់ រថយន្តដឹកកម្លាំង ៦គ្រឿង, រថយន្តសង្គ្រោះ ២គ្រឿង,កាណូត ២៥គ្រឿង ធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋជាក់ស្តែងនៅលើផ្ទៃទឹក។
ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹកនាពេលនេះ ដោយសារស្ថានភាព ទឹកជំនន់ទន្លេ និង ជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ឆ្នាំង ពិបាកប៉ាន់ស្មាន ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេល និងដើម្បីពង្រឹងលើសមត្ថភាព កងកម្លាំងសង្គ្រោះ នៅពេលដែល ហេតុការណ៍ណាមួយកើតឡើងនៅលើផ្ទៃទឹក។
នៅកម្មវិធីបិទលំហាត់សមយុទ្ធសង្គ្រោះនៅលើផ្ទៃទឹកនេះ ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយដ៏ថ្លាថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្តម្ភដល់ប្រជាពលរដ្ឋ ដែលបានចូលរួមពិធីក្នុងនោះមាន៖ អង្ករ ១៧៥គីឡូក្រាម, មី ៧កេះ, ត្រីខ ៧យួរ, ទឹកត្រី ៧យួរ,ទឹកស៊ីអ៊ីវ ៧យួរ រួមនឹងថវិកាមួយចំនួនផងដែរ៕