សម្តេច ម៉ែន សំអន ផ្តល់អនុសាសន៍សំខាន់ៗ ៤ ចំណុច ដល់វិនិយោគិនចិនដែលមកទស្សនកិច្ចធុរកិច្ចនៅកម្ពុជាតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

សម្តេច ម៉ែន សំអន ផ្តល់អនុសាសន៍សំខាន់ៗ ៤ ចំណុច ដល់វិនិយោគិនចិនដែលមកទស្សនកិច្ចធុរកិច្ចនៅកម្ពុជាតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

23 កក្កដា 2026
1 នាទីអាន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគិន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ជី ហ្វាង សមាជិកក្រុមប្រឹក្សា នៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន​ សែន​ ​ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម, លោក ហ្គូ រ៉ុង អនុប្រធានសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី, លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហ្គ័ងស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្ដាលសមាគម, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាប្រតិភូធុរកិច្ច​​ និងវិនិយោគិនចិនទាំង​ ៦០ក្រុមហ៊ុន។

ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាព​​ កម្ពុជា-ចិន មានប្រវត្តិសាស្ត្រដ៏យូរលង់ ដែលត្រូវបានពូនជ្រុំដោយអតីតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមមាន ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងលោក ម៉ៅ សេទុង ហើយត្រូវបានបន្តថែរក្សា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានពង្រីង និងពង្រឹងរហូតឈានដល់ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង «សហគមន៍វាសនារួមកម្ពុជា-ចិន» ក្នុងយុគសម័យថ្មី។

សម្តេចបញ្ជាក់ថា​ ទំនាក់ទំនងមិត្តភាពដែកថែប កម្ពុជា-ចិន និងលទ្ធផលសេដ្ឋកិច្ចដ៏លេចធ្លោក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២៥.៤% (ស្មើនឹងជាង ១១ ពាន់លានដុល្លារ) ហើយទេសចរចិនបានឈរនៅលំដាប់ថ្នាក់លេខ១ រហូតដល់ប្រមាណ ៤០ ម៉ឺននាក់ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦។ ជាមួយគ្នានេះ សម្តេចក៏បានរំលេចពីការគាំទ្ររបស់មិត្តចិនលើវិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌ បច្ចេកវិទ្យា និងវិស័យយោធានៅប្រទេសកម្ពុជាផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ។ សម្ដេចបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏បាននឹងកំពុងបន្តសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនពលី ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹក។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ព្រមទាំងបានអនុវត្ត «ច្បាប់ស្តីពីការវិនិយោគថ្មី» ដែលផ្តល់នូវការលើកទឹកចិត្ត និងសម្រួលដល់វិនិយោគិនបរទេសយ៉ាងមានប្រសិទ្ធភាព។

ក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើសុំ និងផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៤ ចំណុច ជូនដល់វិនិយោគិនចិនដែលមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះថា ៖

១. នៅពេលទទួលបានសិទ្ធិវិនិយោគនៅកម្ពុជាហើយ សូមចូលរួមគោរព និងអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។
២. សហការជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ន និងដៃគូក្នុងស្រុក ដើម្បីឱ្យដំណើរការគម្រោងប្រព្រឹត្តទៅបានលឿន និងរលូន។
៣. ការវិនិយោគត្រូវមានស្មារតីទទួលខុសត្រូវ គិតគូរដល់បរិស្ថាន-សង្គម និងបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មក្នុងស្រុក។
៤. យកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងនិវត្តជន តាមរយៈការបង្កើតឱកាសការងារ និងការគាំទ្រមនុស្សធម៌ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរ។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម «ច្បាប់ស្តីពីការវិនិយោគថ្មី» និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដឹកនាំការងារវិនិយោគ និងធុរកិច្ច ដោយ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្ររាល់គម្រោងវិនិយោគ ដើម្បីធានាឱ្យការវិនិយោគទទួលបានជោគជ័យ និងមានសុវត្ថិភាពខ្ពស់៕

ចែករំលែកអត្ថបទនេះ