ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅអតីតយុទ្ធជន និងអណ្តូងទឹក នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅអតីតយុទ្ធជន និងអណ្តូងទឹក នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

6 កុម្ភៈ 2026
1 នាទីអាន

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដែលទើបចូលទៅរស់នៅ ជាអំណោយថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងអណ្តូងទឹកចំនួន ១២៥អណ្តូង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជនបានខិតខំរៀបចំដោយការចាក់ដីបំពេញជុំវិញផ្ទះ និងព្រមទាំងបានចាប់ផ្តើមដាំដុះដំណាំហូបផ្លែជាបណ្តើរៗ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានក្លាយជាភូមិគំរូដែលបានលើកស្ទួយ និងកែប្រែជីវភាពរស់នៅជូនអតីតយុទ្ធជនជាច្រើនរយគ្រួសារឱ្យមានភាពប្រសើរជាងមុន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការធ្វើកសិកម្មដាំដុះដំណាំលើ និងចិញ្ចឹមសត្វគឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញដល់អតីតយុទ្ធជនឱ្យរៀបចំដីសម្បទានសង្គមកិច្ច ដោយធ្វើការដាំដុះដំណាំកសិកម្មដែលមានសក្តានុពល ដូចជា ម្ទេសជាដើម ដើម្បីបង្កើនចំណូលជីវភាពប្រចាំថ្ងៃ។

បន្ទាប់ពីចុះពិនិត្យស្ថានភាពរស់នៅ និងអណ្តូងទឹក, ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យការស្ថាបនាផ្លូវ និងការធ្វើកសិកម្មដែលមានសក្តានុពលផងដែរ៕

ចែករំលែកអត្ថបទនេះ