សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ជាស្ថាបនិកដែលបានផ្ដួចផ្ដើមបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាពេញមួយជីវិត ដើម្បីជាម្លប់ និងដឹកនាំសមាគមដើម្បីលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជនកម្ពុជា ឱ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពនៃកម្ពុជា គឺជាវរជនឆ្នើម ដែលបានលះបង់គ្រប់បែបយ៉ាង និងបានយកជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជន បានរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យជាប្រវត្តិសាស្រ្តនាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ តាមរយៈការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដោយបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បាននាំមកនូវពន្លឺសន្តិភាពក្រាលគ្របលើដែនសុវណ្ណភូមិ ប្រជាជនរស់នៅដោយសុខសុវត្ថិភាពពេញបរិបូរណ៍ ទទួលបានឯកភាពទឹកដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអតីតយុទ្ធជនក្នុងជម្លោះបានធ្វើសមាហរណកម្មមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។
ក្នុងបេសកកម្មដ៏ពិសិដ្ឋជាបន្តដើម្បីឧត្តមប្រយោជន៍ជាតិ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំការកសាងប្រទេសជាតិឱ្យមានភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងបានការពារបូរណភាពទឹកដី ប្រឆាំងអំពើឈ្លានពានពីបរទេស ទទួលបានជោគជ័យជាបន្តបន្ទាប់ ព្រមទាំងបានលើកស្ទួយកិត្យានុភាពជាតិ និងឧត្តមភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
សន្តិភាព និងស្ថិរភាពនយោបាយ ដ៏រឹងមាំបានចាក់ប្ញសយ៉ាងជ្រៅក្នុងសង្គមខ្មែរដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។ សមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ ជាច្រើនអនេកដូចសព្វថ្ងៃនេះ ពិតជាមិនអាចកាត់ផ្ដាច់នូវវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនបានឡើយ។