ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម

8 កញ្ញា 2026
1 នាទីអាន

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , លោកជំទាវ ចេន សុភានាថ ប្រធានក្រុមព័ត៌មានសមាគម និងជាអនុប្រធានប្រចាំការគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ, ឯកឧត្តម ស៊ិន សុផល អនុប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ , លោកស្រី ឱរ លក្ខិណា អគ្គនាយិការង ទូរទស្សន៍ជាតិកម្ពុជា, លោក ថាច់ ផាណារ៉ុង អគ្គនាយករង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលប្រជុំអគារ ម.ជ.ជ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ទី ៨ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកជំទាវ ចេន សុភានាថ ប្រធានក្រុមព័ត៌មានសមាគម បានរាយការណ៍អំពីវឌ្ឍនភាពការងារផ្សព្វផ្សាយព័ត៌មានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងរបាយការណ៍ពីរខែចុងក្រោយ គឺខែកក្កដា និងខែសីហា ឆ្នាំ២០២៦ ជូនអង្គប្រជុំ ដែលក្នុងនោះសម្រេចបានលទ្ធផលការងារសំខាន់ៗមានអាទិ៍៖ ការផ្សាយអត្ថបទព័ត៌មានខ្លី, វីដេអូព័ត៌មានអត្ថាធិប្បាយ, បទយកការណ៍, វីដេអូខ្លីៗ, សារលិខិតជូនពរ និងសារលិខិតអបអរថ្ងៃទិវា សរុបជារួមមានចំនួន ១២០៩ ព័ត៌មានដែលបានផ្សាយចេញ។

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ បានថ្លែងសរសើរចំពោះលទ្ធផលការងារផ្សព្វផ្សាយដែលសម្រេចបាន និងបានចាត់ទុកថាមានវឌ្ឍនភាពល្អប្រសើរ ដែលក្រុមការងារបានចូលរួមផ្សាយនូវព័ត៌មានពីគ្រប់មូលដ្ឋានរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យមហាជនបានយល់ដឹងអំពីសុខទុក្ខរបស់ពួកគាត់ដែលធ្លាប់ជាប់អ្នកប្រយុទ្ធ និងមានគុណបំណាច់ចំពោះជាតិ មាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានមានប្រសាសន៍ណែនាំឱ្យបង្កើតបណ្ដាញទំនាក់ទំនងសង្គមមួយដើម្បីធ្វើការងារផ្ទាល់ជាមួយមន្រ្តីជំនាញនៃគណៈកម្មាធិការសមាគមតាមវិស័យនានា និងមន្រ្តីជំនាញរបស់ អ.ន.ក. តាមបណ្ដាខេត្ត/ក្រុង ក្នុងគោលបំណងបង្កើតច្រកសម្រាប់បញ្ជូន និងទទួលព័ត៌មាន ដើម្បីពង្រឹង និងពង្រីកការងារផ្សព្វផ្សាយព័ត៌មានពីអតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែផុសផុសបន្ថែមទៀតកុំឱ្យមានការឆកល្វែងដោយប្រការណាមួយ។
 
បន្ថែមពីលើនេះ ឯកឧត្តមប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ ក៏បានមានប្រសាសន៍អំពីផែនការពង្រឹងគុណភាពព័ត៌មាន និងលើកកម្ពស់គុណវឌ្ឍិរបស់មន្រ្តីទទួលបន្ទុកព័ត៌មាន អ.ន.ក. តាមវិស័យ និងតាមបណ្ដាខេត្តនានា ដោយធ្វើយ៉ាងណាអាចបង្កើតវគ្គបណ្ដុះបណ្ដាលអំពីវិធីសាស្រ្តសរសេរព័ត៌មាន និងគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយ ដើម្បីជាមូលដ្ឋានក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយឱ្យបានល្អប្រសើរថែមមួយកម្រិតទៀត។

ក្រៅពីការងារផ្សព្វផ្សាយ ចំពោះកិច្ចការឃោសនា និងអប់រំ ឯកឧត្តមបណ្ឌិត ក៏បានយកចិត្តទុកដាក់បន្ថែមក្នុងការពង្រឹងតួនាទី និងភារកិច្ចស្នូល ក្នុងការជំរុញលើកទឹកចិត្តសមាជិក អ.ន.ក. ទាំងអស់ ដើម្បីចូលរួមសកម្មភាពជាមួយសមាគម ព្រមទាំងកិច្ចការអប់រំ បណ្ដុះបណ្ដាល និងបញ្ជ្រាបយន្តការសំខាន់ៗ របស់សមាគម ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ចែករំលែកអត្ថបទនេះ