ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមមហាសន្និបាតVECONAC លើកទី២៥ខាងមុខ
17 កញ្ញា 2026
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាវឌ្ឍនភាពការងារនានារបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកិច្ចប្រជុំ VECONAC នៅសាលប្រជុំនៃទីស្នាក់ការកណ្តាលសមាគមស្ថិតនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក នៃសមាគមអតីតយុទ្ធជន និងនិវត្តជនថ្នាក់កណ្តាល គណៈកម្មាធិការជំនាញទាំង៧ លេខាធិការដ្ឋាន VECONAC និងផ្នែកពាក់ព័ន្ធទាំងអស់។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាមានប្រសាសន៍ថា ដោយសារពិនិត្យឃើញពីការលំបាកក្នុងការដឹកនាំ គ្រប់គ្រងការងាររបស់សមាគម ដូចនេះគណៈអចិន្ត្រៃយ៍សមាគម នឹងរៀបចំផ្លាស់ប្តូរនូវសមាសភាពនៃថ្នាក់ដឹកនាំសមាគមមួយចំនួន ដើម្បីសម្រួលក្នុងការងារដឹកនាំ និងគ្រប់គ្រងការងាររបស់សមាគមឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរ។ ហើយនាពេលខាងមុខ គណៈអចិន្ត្រៃយ៍នៃសមាគម ក៏នឹងរៀបចំផ្លាស់ប្តូរកែសម្រួលសមាជិក សមាជិការ នៃគណៈកម្មាធិការជំនាញទាំង៧របស់សមាគម និងជ្រើសរើសបំពេញបន្ថែមដើម្បីសម្រួល ពន្លឿន និងបំពេញបន្ថែមចំនុចខ្វះខាតនៃការងារនានារបស់គណៈកម្មាធិការជំនាញទាំងអស់ឱ្យកាន់តែប្រសើរ និងទាន់ពេលវេលា។
ក្នុងឱកាសនោះដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC ក៏បានមានប្រសាសន៍ ណែនាំ និងជំរុញឱ្យក្រុមការងារជំនាញគ្រប់ផ្នែក និងផ្នែកទាក់ទងទាំងអស់របស់លេខាធិការដ្ឋាន VECONAC ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងពន្លឿនការងារនានាឱ្យរួចរាល់មុនព្រឹត្តិការណ៍ ដោយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។
ជាទីបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសម្តែងនូវជំនឿចិត្ត និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក គណៈកម្មាធិការជំនាញ និងលេខាធិការដ្ឋាន VECONAC ទាំងអស់ដែលសម្រេចបាន និងបន្តសម្រេចនូវការងារគ្រប់គ្រង និងអនុវត្តការងារថ្មីៗបន្ថែមទៀតរបស់សមាគមឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់ តែល្អប្រសើរ៕
17 កញ្ញា 2026
16 កញ្ញា 2026
16 កញ្ញា 2026