ឯកឧត្តម គន់ គីម អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)

ឯកឧត្តម គន់ គីម អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)

4 តុលា 2026
1 នាទីអាន

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងជាប្រធានប្តូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៃ VECONAC ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសាន់អ៊ែនមូន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាឱកាសនោះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ក្នុងនាមប្រធាន VECONAC និងក្នុងនាមខ្លួនផ្ទាល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូកិត្តិយសមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការជួបជុំ ពិនិត្យ ពិភាក្សា និងអនុម័តរួមគ្នានូវរបៀបវារៈ សេចក្តីព្រាងសេចក្តីសម្រេច ព្រមទាំងអនុសាសន៍នានា ដើម្បីត្រៀមរៀបចំពិធីបើកមហាសន្និបាត VECONAC លើកទី២៥ នាថ្ងៃស្អែក ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការ VECONAC ព្រមទាំងថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាន VECONAC ទាំងអស់ ចំពោះការខិតខំប្រឹងប្រែងដឹកនាំកិច្ចប្រជុំគណៈកម្មការការងារលើកទី៧ កន្លងមក ឱ្យទទួលបានជោគជ័យ និងបានបន្តរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នេះប្រកបដោយភាពរលូន និងមានរបៀបរៀបរយខ្ពស់។

ឯកឧត្តមប្រធានប្តូរវេន VECONAC បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ តាមរយៈស្មារតីសន្ទនាស្ថាបនា នឹងនាំមកនូវលទ្ធផលជាប្រវត្តិសាស្ត្រ ដែលជួយលើកកម្ពស់កិត្យានុភាពរបស់ VECONAC ព្រមទាំងរុញច្រានកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនក្នុងតំបន់ឱ្យឈានដល់កម្រិតថ្មីមួយទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានជូនពរដល់គណៈប្រតិភូទាំងអស់ឱ្យទទួលបានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្ម ព្រមទាំងបានប្រកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានជាផ្លូវការ ក្រោមបាវចនា «VECONAC FOREVER, FOREVER VECONAC»៕

ចែករំលែកអត្ថបទនេះ