ឯកឧត្តម មាស សាវ៉ន អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការធ្វើតេស្តសាកល្បងដំណើរការកិច្ចប្រជុំ VECONAC
24 កញ្ញា 2026
នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ និងពិនិត្យមើលវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន VECONAC ២០២៦ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត លើកទី២៥ សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ដែលគ្រោងប្រព្រឹត្តទៅនាដើមខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់កណ្តាលនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន VECONAC ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ឯកឧត្តម គន់ គីម ប្រធានប្តូរវេន VECONAC មានប្រសាសន៍ថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់ VECONAC ២០២៦ នៅខែតុលា ២០២៦ ខាងមុខនេះ គឺជាកិត្តិយសសម្រាប់ប្រទេសជាតិកម្ពុជា និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ឯកឧត្តមបានណែនាំឱ្យក្រុមការងារជំនាញគ្រប់ផ្នែក និងផ្នែកទាក់ទងនៃលេខាធិការដ្ឋានទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចតាមផ្នែករៀងៗខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារការបរទេស ពិធីការ ការស្នាក់នៅ ការពារសន្តិសុខសុវត្ថិភាព ខ្លឹមសារកិច្ចប្រជុំ និងផ្សព្វផ្សាយ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ថា កិច្ចប្រជុំសហព័ន្ធអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន (VECONAC) ធ្វើឡើងក្នុងគោលដៅចម្បងរួមមាន៖ ពង្រឹងសុខុមាលភាព និងជីវភាពអតីតយុទ្ធជន, កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងសមាគមអតីតយុទ្ធជន, ការគាំទ្រ និងការការពារសិទ្ធិអតីតយុទ្ធជន, ការចូលរួមចំណែកក្នុងសន្តិសុខ និងសន្តិភាពតំបន់ និងការផ្លាស់ប្តូរវេនធ្វើជាប្រធាន និងការអនុម័តសេចក្តីសម្រេច៕
24 កញ្ញា 2026
24 កញ្ញា 2026
23 កញ្ញា 2026