ឯកឧត្តម គន់ គីម កោតសរសើរ គណៈកម្មាធិការ អ.ន.ក.តាមវិស័យបានពង្រីកវិសាលភាពជួយអតីតយុទ្ធជន និងនិវត្តជន

ឯកឧត្តម គន់ គីម កោតសរសើរ គណៈកម្មាធិការ អ.ន.ក.តាមវិស័យបានពង្រីកវិសាលភាពជួយអតីតយុទ្ធជន និងនិវត្តជន

4 កញ្ញា 2026
1 នាទីអាន

«ខ្ញុំសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមតាមវិស័យ ដែលបានសហការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងតែងតាំងសមាសភាពក្រុមការងារលេខាធិការដ្ឋានក្នុងវិស័យរបស់ខ្លួន ក៏ដូចជាបានចូលរួមអនុវត្តការងារ អ.ន.ក. ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមក្នុងការផ្តល់ប័ណ្ណមូលនិធិសមធម៌សង្គមជូនអតីតយុទ្ធជន និងនិវត្តជន ការរួមចំណែកនៃការអភិវឌ្ឍអតីតយុទ្ធជ និងនិវត្តជនរបស់ខ្លួន ជាពិសេសកោតសរសើរដល់ថ្នាក់ដឹកនាំ អ.ន.ក. វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានខិតខំពិនិត្យ និងកែសម្រួលលិខិតបទដ្ឋាននានាក្នុងការលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន» នេះជាប្រសាសន៍របស់ ឯកឧត្តមកិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ នៅទីស្នាក់ការកណ្តាលនេះសមាគមអតីតយុទ្ធជន និងនិវត្តជន៍កម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ឧត្តមប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារជនពលី មរណៈ ជាធំ។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុប្រធានទី១សមាគម តែងតែងយកចិត្តទុកដាក់ ពង្រឹង និងពង្រីកវិសាលភាពក្នុងការប្រើប្រាស់    ប័ណ្ណ ប.ស.ស. ជូនដល់អតីតយុទ្ធជនថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ព្រមទាំងថ្មីៗនេះ បានឈានទៅពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលី ជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិលផងដែរ។

ឯកឧត្តម គន់ គីម បន្តថា ការខិតខំជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល អ.ន.ក. និងគណៈកម្មាធិការអ.ន.ក.តាមវិស័យ ពិតជាមានតួនាទីយ៉ាងសំខាន់សម្រាប់ជាប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន ដោយសារ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងជាអតីតនាយករដ្ឋមន្រ្តី មិនបំភ្លេចនូវការធ្វើពលីកម្ម និងការជួយអភិវឌ្ឍជាតិរវាងអតីតយុទ្ធជន និងនិវត្តជនឡើយ ព្រោះគិតចាប់ពីប្រទេសធ្លាក់ក្នុងសង្គ្រាមផ្ទៃក្នុង រហូតដល់ការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ គឺប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍរីកចម្រើន បានមកដោយសារគុណបំណាច់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាយើង។

ឯកឧត្តម គន់ គីម ក៏បានស្នើដល់គណៈកម្មាធិការ អ.ន.ក.តាមវិស័យ សូមពិនិត្យពីទិន្នន័យនិវត្តជនក្នុងវិស័យរបស់ខ្លួន ដើម្បីបញ្ជូនមកគណៈកម្មាធិការកណ្តាល អ.ន.ក. ដើម្បីរៀបចំបញ្ជូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាគម ក៏ដូចជាត្រៀមក្នុងការផលិតបណ្ណសម្គាល់សមាជិកសមាគមផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនដែលជាសមាជិក អ.ន.ក.។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងតាមដានការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ដែលអនុវត្តក្នុងរយៈពេល៦ខែ ក្រោយពីបានប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងមក៕

ចែករំលែកអត្ថបទនេះ