ក្រុមការងារបដិសណ្ឋាកិច្ច ពិធីការ និងសន្តិសុខ ជួបពិភាក្សារៀបចំផែនការការងារសម្រាប់ត្រៀមក្នុងមហាសន្និបាត VECONAC
9 កក្កដា 2026
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអគ្គលេខាធិការ VECONAC 2026 បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍នៃកិច្ចប្រជុំគណៈកម្មការការងារលើកទី៧របស់សហព័ន្ធអតីតយុទ្ធជន បណ្តាលប្រទេសអាស៊ាន(VECONAC) តាមប្រព័ន្ធនិម្មិត កាលពីខែមិថុនាកន្លងទៅ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ និងមានការចូលរួមពីប្រធានគណៈប្រតិភូបណ្តា ប្រទេសជាសមាជិកទាំង១០ប្រទេស។
ក្នុងប្រជុំនេះ ឯកឧត្តម មាស សាវ៉ន បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររហូតធ្វើឱ្យកិច្ចប្រជុំគណៈកម្មការការងារលើកទី៧របស់ VECONAC ទទួលបានជោគជ័យ មុនឆ្ពោះទៅមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥នាពេលខាងមុខ។
ឯកឧត្តម មាស សាវ៉ន មានប្រសាសន៍ថា មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ឆ្នាំ២០២៦នេះ គឺជាលើកទី២ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ ហើយក៏ជាមោទនភាពសម្រាប់កម្ពុជាដែលបានឱ្យសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានធ្វើទស្សនកិច្ចឃើញពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។
ឯកឧត្តម មាស សាវ៉ន បានណែនាំដល់ក្រុមការងារនីមួយៗរបស់លេខាធិការដ្ឋានVECONAC ត្រូវត្រៀមលក្ខណៈ ដោយបន្តពិភាក្សាលើផែនការ ដើម្បីតាមដាន និងរៀបចំជារបាយការណ៍ជាប់ជាប្រចាំចាប់ពីពេលនេះរហូតដល់ថ្ងៃចាប់ផ្តើមនៃកិច្ចប្រជុំក្នុងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥៕
9 កក្កដា 2026
8 កក្កដា 2026
2 កក្កដា 2026