ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលទទួលគណៈប្រតិភូវិនិយោគចិនដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ

ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលទទួលគណៈប្រតិភូវិនិយោគចិនដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ

17 កក្កដា 2026
1 នាទីអាន

នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានក្រុមការងារធុរកិច្ចរបស់សមាគម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងបែងចែងតួនាទីភារកិច្ច នៃគណៈកម្មការសម្របសម្រួលទទួលគណៈប្រតិភូវិនិយោគសាធារណរដ្ឋប្រជាមានិតចិនដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២១-២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមការងារធុរកិច្ចសមាគម បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជានាពេលខាងមុខនេះ នឹងមានវត្តមានក្រុមហ៊ុនចិនប្រមាណ៥២ក្រុមហ៊ុនចូលរួម ដែលនេះគឺជាលើកទីមួយហើយដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដួចផ្ដើមគំនិត និងអញ្ជើញបណ្ដាវិនិយោគិនបរទេសជាច្រើនក្រុមហ៊ុនមកទស្សនកិច្ចនៅកម្ពុជា តាមរយៈសមាគមបន្ទាប់ពីបង្កើតនូវក្រុមការងារធុរកិច្ចនេះឡើង។

ឯកឧត្តមអ្នកឧកញ៉ាបន្តថា តាមការគ្រោងទុក ក្នុងនាមជាប្រធានក្រុមការងារធុរកិច្ចសមាគម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នឹងដឹកនាំគណៈប្រតិភូចិនទៅទស្សនកិច្ចនៅតាមបណ្ដាភូមិគំរូរបស់អតីតយុទ្ធជន និងនិវត្តជន តាមបណ្ដាខេត្តមួយចំនួនដើម្បីពិនិត្យលទ្ធភាព និងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ដែលអាចបង្កើតច្រកជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាយើងឱ្យមានភាពកាន់តែប្រសើរឡើង៕

ចែករំលែកអត្ថបទនេះ