អ.ន.ក.ស្រុកសាលាក្រៅ រៀបចំពិធីប្រកាសមាសភាពក្រុមការជំនាញ និងសាខាតាមឃុំទាំង៤
8 មេសា 2026
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រតិភូអមរបស់សមាគម, សមាជិកប្រឹក្សាខេត្ត, អភិបាល -អភិបាលរងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត, អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្ត។
ក្នុងឱកាសនេះ ឯកឧត្តម ដៀប ពីរី ត្រូវបានតែងតាំងជាអនុប្រធានកិត្តិយស អ.ន.ក.ខេត្ត, ឯកឧត្តម នួន ផារ័ត្ន ប្រធាន អ.ន.ក.ខេត្ត និងឧត្តមសេនីយ៍ទោ សោម ស៊ុន ជាអនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត ព្រមទាំងអនុប្រធាន និងសមាជិក-សមាជិកា សមាគម អ.ន.ក.ខេត្ត ទាំងអស់ចំនួនសរុប ៤០រូប។
ឯកឧត្តម នួន ផារ័ត្ន ប្រធាន អ.ន.ក. ខេត្ត បានឡើងថ្លែង ក្នុងនាមគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្តេជ្ញាចិត្ត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនជាប្រចាំនូវលក្ខន្តិកៈ គោលការណ៍ និងគោលនយោបាយនានារបស់សមាគម សេចក្តីសម្រេចមហាសន្និបាត និងមហាសន្និបាតវិសាមញ្ញតំណាងសមាគម, ពង្រឹងពង្រីកកាលានុវត្តភាពដឹកនាំសមាគមក្នុងក្របខ័ណ្ឌទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព, ពង្រឹងអភិបាលកិច្ចការងារអតីតយុទ្ធជន និងគ្រួសារជនពលី មរណៈ និងអតីតមន្ត្រីរាជការស៊ីវិល ព្រមជាមួយនឹងការលើកកម្ពស់ការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍, ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអភិវឌ្ឍន៍ សប្បុរសជននានា បម្រើដល់ផលប្រយោជន៍អតីតយុទ្ធជន និងនិវត្តជន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរាយការណ៍ពីបច្ចុប្បន្នភាព និងការវិវត្តន៍នានារបស់ អ.ន.ក.ខេត្ត ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ អ.ន.ក.ខេត្ត មានសមាជិកសរុបចំនួន ៣,១៧១នាក់ ក្នុងនោះជនពិការចំនួន ១,២៦៧នាក់, និវត្តជនចំនួន ១,០៥២នាក់, បាត់បង់សម្ថភាពចំនួន ១៣៤នាក់, គ្រួសារពលីចំនួន ៦៣៨នាក់, គ្រួសារមរណៈចំនួន ៨០នាក់។
ចំពោះសមិទ្ធផលការងារក្នុងរយៈពេល១០ឆ្នាំ អ.ន.ក.ខេត្ត សម្រេចបានរួមមាន សាងសង់អគារទីស្នាក់ការសមាគម ១ខ្នង, អណ្ដូងស្នប់មានចំនួន ៥៦ អណ្ដូង នៅដីសម្បទានសង្គមកិច្ច ភូមិមរតកតេជោធិបតី, បំពាក់បង្គោល និងអំពូលសូឡាចំនួន ៧៥ បង្គោល តាមផ្លូវមេនៅភូមិអតីតយុទ្ធជន, ស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែង ១២គីឡូម៉ែត្រ, សាងសង់ផ្ទះជូនអតីតយុទ្ធជនខ្វះខាតបានចំនួន ៤៩២ខ្នង (តាមមូលដ្ឋាននានាក្នុងខេត្ត បានចំនួន ២៨៦ខ្នងផ្ទះ, លើដីសម្បទានសង្គមកិច្ចបានចំនួន ២០៦ខ្នង និងផ្ដល់ដីសរុបចំនួន ២៧៦,៥០ ហិកតា)និងធ្វើបច្ចុប្បន្នភាព អ.ន.ក. ខេត្តកំពង់ធំ ដែលរស់នៅមានដី គ្មានផ្ទះ និងមានផ្ទះមិនសមរម្យចំនួន ៦០ គ្រួសារ។
បន្ទាប់ពីស្តាប់ការសេចក្តីរាយការណ៍ពីវឌ្ឍនភាពនៃ អ.ន.ក.ខេត្ត និងការប្តេជ្ញាចិត្តរបស់ប្រធាន អ.ន.ក.ខេត្ត រួចមក ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍សាកសួរសុខទុក្ខ និងនាំសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត អនុប្រធានទី១សមាគម បានផ្តាំផ្ញើសាកសួរសុខទុកចំពោះថា្នក់ដឹកនាំ និងសមាជិកអតីតយុទ្ធជន និងនិវត្តជនខេត្ត និងជូនពរបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំទាំងអស់ឱ្យមានសុខភាពល្អ អាយុវែងទាំងអស់គ្នា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក អ.ន.ក.ខេត្ត ទាំងអស់ថា រយៈពេល១០ឆ្នាំនេះ អ.ន.ក.ខេត្ត បានបំពេញការងាររបស់សមាគមបានល្អ និងមានការរីកចម្រើនគួរឱ្យកក់សម្គាល់ ជាពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន អតីតប្រធាន អ.ន.ក.ខេត្ត បានដឹកនាំ និងគ្រប់គ្រងសមាគមកន្លងមកគឺទទួលបានលទ្ធផលល្អ និងសកម្មនឹងការងារសមាគម អាចចាត់ទុកថា អ.ន.ក.ខេត្តកំពង់ធំ ជាខេត្តគំរូមួយក្នុងចំណោម អ.ន.ក.ខេត្តនានាទូទាំងប្រទេសដែលបានធ្វើការងារនានាជូនសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ណែនាំទៅ អ.ន.ក.ខេត្តទាំងអស់ថា ក្រោយពីបានទទួលការចាត់តាំងនេះសូមឲ្យប្រធាន អនុប្រធាន និងសមាជិក អ.ន.ក.ខេត្តទាំងអស់ ត្រូវគោរព និងអនុវត្តលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឬមហាសន្និបាតវិសាមញ្ញតំណាងសមាគម, សេចក្តីសម្រេចពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសមាគម រាជធានី ខេត្ត និងត្រូវយកចិត្តទុកដាក់ ចូលរួមរៀបចំ គ្រប់គ្រង និងដោះស្រាយបញ្ហានានាជូនអតីតយុទ្ធជន និងនិវត្តជនខេត្តឱ្យល្អ និងទាន់ពេលវេលា៕