ឯកឧត្តម តូច ចាន់នី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ត្រៀមអនុវត្តការងារថ្ងៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ឯកឧត្តម តូច ចាន់នី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ត្រៀមអនុវត្តការងារថ្ងៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

30 មេសា 2026
1 នាទីអាន

ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការដឹកនាំរៀបចំប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអនុគណៈកម្មការដើម្បីត្រៀមអនុវត្តការងារផ្សព្វផ្សាយនាថ្ងៃប្រារព្ធទិវា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំបានពិភាក្សាពីភារកិច្ចការងាររបស់អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណាត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការបំពេញតួនាទីឱ្យបានល្អប្រសើរនាថ្ងៃទិវាមកដល់។ ក្នុងឱកាសនេះដែរ ឯកឧត្តម តូច ចាន់នី បានណែនាំដល់ក្រុមការងារទាំងអស់ត្រៀមរៀបចំសារលិខិតផ្សព្វផ្សាយ និងវីដេអូឯកសារដើម្បីអបអរសាទរថ្ងៃទិវា ព្រមទាំងបានជំរុញឱ្យបង្កើតកិច្ចសហការផ្សព្វផ្សាយព័ត៌មានពីស្ថាប័នព័ត៌មានក្នុងស្រុកចូលរួមផ្សាយព័ត៌មាននៃការប្រារព្ធទិវាឱ្យបានកាន់តែផុលផុស។

សូមជម្រាបជូនថារាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានសម្រេចរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី ១២ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលទិវានេះបានប្ដូរពី ទិវាអតីតយុទ្ធជន ២១ មិថុនា ដោយក្នុងគោលបំណងរួមគឺ ដើម្បីរំព្ញកអំពីវីរភាព និងផ្ដល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ព្រមទាំងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជន ដែលជាមន្រ្តីរាជការស៊ីវិលដែលបានលះបង់ពេលវេលា ចំណេះដឹង និងកម្លាំងកាយចិត្តយ៉ាងមុតមាំក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជនដូចគ្នា៕

ចែករំលែកអត្ថបទនេះ