អ.ន.ក.ខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលី

អ.ន.ក.ខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលី

13 សីហា 2026
1 នាទីអាន

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធាន អ.ន.ក.ខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ភោក ផល្លា អាយុ ៤៤ឆ្នាំ មេបញ្ជាការរងកងអនុសេនាតូច អង្គភាពបញ្ជាការដ្ឋានអង្គរក្សទិសទី១ ប្រាសាទព្រះវិហារ ដែលបានពលី ក្នុងបេសកកម្មនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងសពបានរៀបចំនៅគេហដ្ឋានស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព រួមមាន អង្ករ ១០០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាមួយចំនួន។

ក្រៅពីនោះ ក៏មានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៨តោន ក្នុងនោះ សម្រាប់ជួយសាងសង់បង្គន់ និង ចាក់សាបក្រោមផ្ទះជូនគ្រួសារសព និងចំនួន ៥តោន ផ្សេងទៀតឧបត្ថម្ភដល់រដ្ឋបាលស្រុកជលគិរី ដើម្បីជួយបន្តសាងសង់ស្ពានបេតុង ប្រវែង ៦៥ម៉ែត្រ និង ទទឹង ៦ម៉ែត្រ ក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី តាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និង ដឹកជញ្ជូនផលដំណាំផ្សេងៗផង៕

ចែករំលែកអត្ថបទនេះ