អ.ន.ក. រាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍភាពការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ដតាមបណ្ដាគណៈកម្មាធិការ អ.ន.ក.ខណ្ឌទាំង១៤

អ.ន.ក. រាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍភាពការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ដតាមបណ្ដាគណៈកម្មាធិការ អ.ន.ក.ខណ្ឌទាំង១៤

16 កញ្ញា 2026
1 នាទីអាន

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ត តាមបណ្តាគណៈកម្មាធិការ អ.ន.ក.ខណ្ឌទាំង១៤ ក្រោមអធិបតីភាព លោកស្រី តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ នៅសាលប្រជុំសាលារាជធានីភ្នំពេញ។

សមាសភាពចូលរួមមាន តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លេខាធិការដ្ឋានអ.ន.ក.រាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងទទួលបន្ទុកការងារអ.ន.ក.ទាំង១៤ខណ្ឌ និងលោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌទាំង១៤។

នាឱកាសនោះ លោកស្រី តិមា វិច្ឆិកាល បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ជាមួយសមាគម ក្នុងការចុះតាមមូលដ្ឋានស្រង់ស្ថិតិបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជារាជធានីភ្នំពេញ ដែលកំពុងគ្រប់គ្រង់ និងបន្តពង្រឹងលេីការគ្រប់គ្រងឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោកស្រីក៏បានណែនាំដល់ក្រុមការងារ បន្តចុះស្រង់ទិន្នន័យជាក់ស្តែងច្បាស់លាស់នៅតាមមូលដ្ឋានខ្នងផ្ទះ និងបញ្ចប់ការចុះធ្វើបច្ចុប្បន្នភាពលើសំណុំឯកសារថ្មីរបស់សមាជិកសមាគម ឱ្យបានឆាប់រហ័យ ដែលនេះជាមូលដ្ឋានគ្រឹះ ក្នុងការជួយឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចរៀបចំគោលនយោបាយឧបត្ថម្ភគាំពារជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យចំគោលដៅប្រកបដោយតម្លាភាព និងទាន់ពេលវេលា ព្រមទាំងត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការត្រួតពិនិត្យមិនមានទិន្នន័យស្ទួនឡើយ ជាពិសេសពង្រឹងការងារបើកផ្ដល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកអ.ន.ក.រាជធានីភ្នំពេញ៕

ប្រភព និងរូបថត៖ ផេកហ្វេសបុក អ.ន.ក. រាជធានីភ្នំពេញ

ចែករំលែកអត្ថបទនេះ