សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង១,២០០អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ 

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង១,២០០អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ 

17 មិថុនា 2026
1 នាទីអាន

នៅព្រឹកថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាទីប្រឹក្សាសម្ដេចតេជោ និងអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រ បាននាំយកនូវចង្ហាន់ និងបច្ច័យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង ,២០០អង្គ/នាក់ ក្នុងឱកាសការចូលរួមប្រឡងធម្មវិន័យ នៅមណ្ឌលប្រឡង វត្តចន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្រាប់បច្ច័យទុករៀបចំចង្ហាន់ចំពោះព្រះសង្ឃ និងសិស្សចូលរួមប្រឡងមានចំនួន ១៤,៤០០ដុល្លារ បានប្រគេនថ្វាយ សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយកទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ដើម្បីរៀបចំចាត់ចែងចង្ហាន់ និងទានរបស់សម្ដេចទាំងទ្វេរ

ក្នុងឱកាសនាំបច្ច័យរៀបចំចង្ហាន់ សម្រាប់កិច្ចការប្រឡងធម្មវិន័យ  អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា សមិទ្ធផលនៃវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលប្រទេសកម្ពុជាកំពុងមានរាល់ថ្ងៃ គឺមិនអាចកាត់ផ្ដាច់បានឡើយ ចំពោះការដួលរលំ នៃសម័យខ្មែរក្រហមដ៏យង់ឃ្នង់ ដែលកើតឡើងពីការបូជាសាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនអ្នកស្នេហាជាតិ និងនយោបាយឈ្នះឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ដែលនាំកម្ពុជាទទួលបានសុខសន្តិភាព រីកចម្រើនមកដល់សព្វថ្ងៃ។

អ្នកឧកញ៉ា បានបន្តថា កត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ គឺកាន់តែធ្វើឱ្យកម្ពុជា មានឱកាសកាន់តែខ្លាំងក្នុងកិច្ចការកសាងប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការបង្កើតធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន រហូតមកអាណត្តិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ក្នុងឱកាសនោះ សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក បានថ្លែងអំណរគុណ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគេនចង្ហាន់ និងបច្ច័យ តាមរយៈ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី  និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ដើម្បីធ្វើចង្ហាន់ប្រគេនសមណសិស្ស និងផ្ដល់ជូនសិស្ស រួមទាំងអនុរក្ស ក្នុងឱកាសការប្រឡនធម្មវិន័យត្រី នៅឆ្នាំនេះ ដែលនេះ គឺបានបង្ហាញពីទឹកចិត្តមុតមាំ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

គួរបញ្ជាក់ថា ការប្រឡងធម្មវិន័យ គឺជាការរៀបចំរបស់ក្រសួងធម្មការ និងសាសនា ដែលធ្វើឡើងនៅទូទាំងប្រទេស ដែលការសិក្សាថ្នាក់ត្រី មានរយៈពេល ១ឆ្នាំ, ថ្នាក់ទោ មានរយៈពេល២ឆ្នាំ និងថ្នាក់ឯកមានរយៈពេល ៣ឆ្នាំ ទៅតាមការកំណត់របស់ក្រសួង៕

ចែករំលែកអត្ថបទនេះ