អតីតយុទ្ធជន២២គ្រួសារនៅខេត្តព្រៃវែងទទួលបានអំណោយផ្ទះថ្មីក្នុងភូមិសាស្រ្តខេត្តស្វាយរៀង

អតីតយុទ្ធជន២២គ្រួសារនៅខេត្តព្រៃវែងទទួលបានអំណោយផ្ទះថ្មីក្នុងភូមិសាស្រ្តខេត្តស្វាយរៀង

7 ឧសភា 2026
1 នាទីអាន

កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជីញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២២គ្រួសារមកពីខេត្តព្រៃវែង ដែលអំណោយផ្ទះថ្មីនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

ពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២២គ្រួសារនេះមានការចូលរួមពីសំណាក់ ឯកឧត្តម គីម សុផារុន នាយរងសេនាធិការចម្រុះ និងជាអគ្គលេខាធិការរងសមាគម, តំណាង អ.ន.ក. ខេត្តស្វាយរៀង, ស្នងការរង ប្រធានមន្ទីរ ប្រធានអង្គភាព មេឃុំ និងមន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលាឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងពិធីចាប់ឆ្នោតជូនផ្ទះ និងដីឡូត៍ដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ២២គ្រួសារ នេះ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បាននាំយកនូវអំណោយឡើងផ្ទះថ្មីជូនទាំង ២២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងឃិត១ កញ្ចប់ផងដែរ។

សូមបញ្ជាក់ថា ផ្ទះ និងដីឡូត៍ ដែលធ្វើពិធីចាប់ឆ្នោតប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជននេះ ផ្ទះមានទំហំ ៦ម៉ែត្រ គុណ ៧ម៉ែត្រ និងដីមានទំហំ៤០ម៉ែត្រ គុណ ៥០ម៉ែត្រ។ គិតត្រឹមពេលនេះនៅក្នុងទឹកដីខេត្តស្វាយរៀង រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ផ្ទះ និងដីឡូត៍លំនៅឋាន ជូនអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៧៤២គ្រួសារ រួចមកហើយ ដោយក្នុងនោះ ផ្ទះ និងដីឡូត៍ ស្ថិតក្នុងទឹកដី ស្រុករមាសហែក មានចំនួនសរុប ៤៩១គ្រួសារ៕

ចែករំលែកអត្ថបទនេះ