សម្ដេចប្រមុខរដ្ឋស្ដីទី៖ អតីតយុទ្ធជនក្នុងខេត្តកណ្ដាលមានជាងមួយម៉ឺននាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងពួកគាត់ឱ្យបានល្អប្រសើរ  

សម្ដេចប្រមុខរដ្ឋស្ដីទី៖ អតីតយុទ្ធជនក្នុងខេត្តកណ្ដាលមានជាងមួយម៉ឺននាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងពួកគាត់ឱ្យបានល្អប្រសើរ  

11 មិថុនា 2026
1 នាទីអាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាេខត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្ដាល ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ដែលមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។

នៅក្នុងពិធីសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំនាវនាវដល់គ្រប់ស្រុក គ្រប់ឃុំ ក្នុងមូលដ្ឋានខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ គ្រប់គ្រង ចំពោះអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនពលី មរណៈ និងជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ណែនាំដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវតាមឃ្លាំមើលពីជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលជាអតីតមន្រ្តីរាជការចូលនិវត្តន៍ កុំទុកពួកគាត់ចោល គប្បីឧស្សាហ៍ចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅជូនពួកគាត់ ព្រោះគាត់មិនចង់បានអ្វីពីយើងទេ គ្រាន់តែត្រូវការការចុះសួរសុខទុក្ខពេលបុណ្យទាន និងអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំនានា ដែលសម្ដេចបានហៅសកម្មភាពនេះថា ជាទង្វើបង្ហាញពីសីលធម៌ គុណធម៌ និងការដឹងគុណ រវាងអ្នកជំនាន់ក្រោយចំពោះអ្នកជំនាន់មុន។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកណ្ដាលដែលបានយកចិត្តទុកដាក់ចំពោះយុទ្ធជនជួរមុខដែលតែងតែរួមឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ព្រមទាំងក្រុមគ្រួសារដែលនៅសមរភូមិក្រោយ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា មិនគួរមើលរំលងពីការជួយលើកកម្ពស់ការសិក្សាអប់រំរបស់កូនចៅអតីតយុទ្ធជនទាំងអស់ឱ្យទទួលបានការសិក្សាគ្រប់ៗគ្នា ព្រោះគ្រួសាររបស់ពួកគេបានបាត់បង់បង្គោលគ្រួសារ ដែលយកទ្រូងការពារសេចក្ដីសុខជូនយើងទាំងអស់គ្នា ដូច្នេះត្រូវតែយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់គាត់។ ត្រង់ចំណុចនេះ សម្ដេចប្រមុខរដ្ឋស្ដីទី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល ព្រមទាំងសមាគមអាហារូបករណ៍របស់សម្ដេច ដែលមានអាហារូបករណ៍ជាង ៧ពាន់កន្លែង ត្រូវផ្ដល់អាទិភាពពិសេសដល់កូនចៅអតីតយុទ្ធជន។ ក្រៅពីនេះ សម្ដេចក៏បានមានប្រសាសន៍ជំរុញឱ្យបន្តផ្ដល់អាទិភាព និងក្របខណ្ឌពិសេសក្នុងវិស័យយោធាដល់កូនចៅ និងគ្រួសារបង្កើតរបស់អតីតយុទ្ធ។ ក្នុងនោះដែរ ជុំវិញការជ្រើសកងទ័ព ទាំងទ័ពអាជីព និងទ័ពកាត្វកិច្ច ត្រូវពិនិត្យប្រវត្តិរូប និងសុខភាពឱ្យបានច្បាស់ ជៀសវាងកងទ័ពមានបញ្ហាសុខភាពក្លាយជាបន្ទុកបន្ថែមរបស់រដ្ឋ។

ជាការគួរកត់សម្គាល់ក្នុងពិធីសំណេះសំណាលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានលើកឡើងពីយន្តការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយគាំពារសង្គម ដែលបានបើកផ្ដល់ថវិកាជូនគ្រួសារក្រីក្រ តាមរយៈកម្មវិធីជាតិជំនួយសង្គម ជាពិសេសបាន ចូលរួមដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងយុទ្ធជនពលីនៅសមរភូមិ ដោយធនាគារជាតិសម្រេចលុបចោលបំណុលធនាគារទាំងអស់ សំដៅធ្វើយ៉ាងណាដើម្បីធានាសង្គតិភាពនៅក្នុងគ្រាដ៏លំបាកនេះ។

គួរជម្រាបជូនថា គ្រប់ដំណើរឆ្ពោះទៅមូលដ្ឋានរបស់សម្ដេចតេជោ សម្ដេចតែងតែលើកឡើងជាប្រចាំ ណែនាំដល់មន្រ្តីក្នុងមូលដ្ឋានខេត្តនីមួយៗ ត្រូវខិតខំបំពេញការងារបម្រើប្រជាជនឱ្យបានល្អ ត្រូវលុបបំបាត់នូវទង្វើអសីលធម៌របស់មន្រ្តី ហើយត្រូវតាំងខ្លួនថា មន្រ្តីគឺជាខ្ញុំបម្រើរបស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។

ចំពោះកិច្ចការគ្រប់គ្រងវិស័យអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកណ្តាល មានអតីតយុទ្ធជនសរុបមានចំនួន ៦,០០៩ នាក់ ក្នុងនោះបានចុះឈ្មោះចូលជាសមាជិក អ.ន.ក. សរុបចំនួន ២,៨៨៤នាក់(ស្រី ៧៥១នាក់) ចំណែកមុខសញ្ញានិវត្កជន​​ដែលជាអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៤,៧៧៨នាក់ ដែលកំពុងធ្វើបច្ចុប្បន្នភាពរៀបចំដាក់បញ្ចូលទៅក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។

ចាប់ពីឆ្នាំ២០១៦ រហូតដល់ ឆ្នាំ២០២៦ អ.ន.ក. ខេត្តកណ្តាលបានរៀបចំសាងសង់ផ្ទះជូនសមាជិក បានសរុបចំនួន ២០៧ខ្នងផ្ទះ ដោយក្នុងនោះស្ថិតនៅក្នុងទឹកដីខេត្តកណ្តាលមានចំនួន ១៥៥ខ្នង និងទទួលបានដី និងផ្ទះទៅរស់នៅនៅបណ្តាខេត្តផ្សេងៗមានសរុប៥៧ខ្នងដោយក្នុងនោះខេត្តកំពង់ឆ្នាំង មាន៥២ខ្នង, ខេត្តឧត្តរមានជ័យ ០៣ខ្នង និងខេត្តស្វារៀងមានចំនួន ០២ខ្នង។ ផ្ទះទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្រាប់ការផ្តល់ប័ណ្ណ ប.ស.ស. ជូនសមាជិកបានចំនួន ២, ៦១០នាក់, ផ្ដល់បណ្ណសមធម៌ ១,៧៧៤ គ្រួសារ ដោយក្នុងនោះគ្រួសារជនពលី មាន១,២៧៥គ្រួសារ និងគ្រួសារ​ម​​រណៈ មានចំនួន ៤៩៩គ្រួសារ។ ការប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកទទួលមរណភាពសរុបចំនួន ៤៥នាក់ ក្នុងនោះថវិកាបំពេញបន្ថែមរបស់សម្តេចតេជោចំនួន ៣៤នាក់ ការបើកប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភ១លើក និងប្រាក់បូជាសព សរុបចំនួន ៣១នាក់៕

ចែករំលែកអត្ថបទនេះ