ឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជូនយោធិនពិការ ២៧០គ្រួសារ

ឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជូនយោធិនពិការ ២៧០គ្រួសារ

6 តុលា 2026
1 នាទីអាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀត សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាធិបតី ក្នុងពិធីសំណេះសំណាល ចុះសួរសុខទុក្ខជាមួយបងប្អូនយោធិនពិការ ចំនួន ២៧០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលេនសៀមរាប នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ពិធីជួបសំណេះសំណាលនេះមានចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រតិភូអម គណៈអភិបាលខេត្ត ក្រុង ស្រុក សង្កាត់ លោកគ្រូ អ្នកគ្រូ យោធិនពិការ និងគ្រួសារពលី។

បន្ទាប់ពីសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលេនសៀមរាប។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញមានប្រសាសន៍ សំណេះសំណាល សួរសុខទុក្ខ បងប្អូនយោធិនពិការ និងគ្រួសារ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យឆ្មបស្ម័គ្រចិត្ត ដែលកំពុងរស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេន ខេត្តសៀមរាប។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា ស្មារតីតស៊ូលះបង់ដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់បងប្អូនយោធិនពិការ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងសុខសន្តិភាពជូនប្រជាជនកម្ពុជា។
ឯកឧត្តមកបានកោតសរសើរដោយស្មោះចំពោះបងប្អូនយោធិនពិការទាំងអស់ ដែលទោះបីជាមានពិការភាព កាយសម្បទាយ៉ាងណាក៏ដោយ ក៏នៅតែបន្តរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ មិនដែលធ្វើឱ្យប៉ះពាល់ ឬខូចឈ្មោះដល់កងយោធពលខេមរភូមិន្ទ និងតែងតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ គុណធម៌ និងវិន័យយ៉ាងល្អប្រសើរ ដែលជាគំរូដ៏ល្អសម្រាប់កងទ័ព ជំនាន់ក្រោយៗ។

ឯកឧត្តម ឃឹម ប៊ុនសុង បានជូនពរដល់បងប្អូនយោធិនពិការ និងគ្រួសារ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យឆ្មបស្ម័គ្រចិត្ត ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការកសាង និងអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានប្រគល់ថវិកាជូនអង្គភាពចំនួន ៣.០០០.០០០រៀល និងកញ្ចប់អំណោយមកចែកជូនដល់យោធិនពិការ គ្រូពេទ្យឆ្មបស្ម័ក្រចិត្ត លោកគ្រូ អ្នកគ្រូ សរុប២៧០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ ត្រី ខ ០៥កំប៉ុង, មី ០៥កញ្ចប់,ទឹកដោះគោខាប់ ០១កំប៉ុង, ស្កសរ ០១គីឡូក្រាម និងថវិកា ៣០.០០០រៀល។

បន្ទាប់ពីពិធីជួបសំណេះសំណាល ឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញបន្តចុះសួរសុខទុក្ខយោធិនកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានអំណោយនិងថវិកា ៣០.០០០រៀល៕

ចែករំលែកអត្ថបទនេះ