ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ទទួលប័ណ្ណកិត្តិយសថ្លែងអំណរគុណពីអគ្គលេខាធិការអាស៊ាន
27 វិច្ឆិកា 2026
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា Joao Miranda អនុប្រធានទី១សមាគមអតីតយុទ្ធជនប្រទេសទីម័រឡេស្តេ នៅសណ្ឋាគារ សាន់អ៊ែម៉ូន ក្នុងឱកាសលោកឧត្តមសេនីយ៍ទោដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
ជាកិច្ចស្វាគមន៍ ឯកឧត្តម គន់ គីម មានសេចក្តីសោមនស្សរីករាយ និងសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម ចូអៅ មីរីនដា (Joao Miranda) និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥។
ឯកឧត្តម គន់ គីម បានជម្រាបអំពីភាពជាប្រធានប្តូរវេន ហើយក៏ជាលើកទី២ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាត VECONAC កាលពីឆ្នាំ២០១៩។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្នុងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងការពេញចិត្ត និងគាំទ្រចំពោះសកម្មភាពកន្លងមករបស់សមាគមអតីតយុទ្ធជនប្រទេសទីម័រឡេស្តេ ដែលបានចូលរួមអង្កេតការណ៍ជារៀងរាល់ឆ្នាំក្នុងឱកាសសមាជិកនៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។
ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ភាពជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះជាលើកទី២របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាមោទនភាពកម្ពុជា ក្នុងតំបន់ ដើម្បីបេសកកម្មលើកស្ទួយ សំដៅពង្រីកវិសាលភាព និងលើកទឹកចិត្តជាប្រយោជន៍ដល់អតីតយុទ្ធជន និងអ្នករងគ្រោះដោយសារសង្គ្រាម។
ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក VECONAC សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានស្អិតរមួតជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីធានាដល់ចក្ខុវិស័យបេសកកម្មស្នូលរបស់VECONAC។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា បានថ្លែងអំណរគុណដល់ឯកឧត្តម គន់ គីម ដែលបានទទួលការស្វាគមន៍ និងសវនាការទ្វេភាគី ដើម្បីមិត្តភាព សមាគ្គីភាពរវាងប្រទេសទាំងពីរ។
ជាមួយគ្នា ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា សូមកោតសរសើរការបំពេញតួនាទី និងភាពជាម្ចាស់ផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងកិច្ចការជួយលើកកម្ពស់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាម។
ជាចុងបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរបន្ថែមទៀត សំដៅធ្វើយ៉ាងណាការពារ និងផ្តល់អត្ថប្រយោជន៍ជូនអតីតយុទ្ធជន និងអ្នករងគ្រោះដោយសារសង្គ្រាម៕
27 វិច្ឆិកា 2026
26 វិច្ឆិកា 2026
24 វិច្ឆិកា 2026