ឯកឧត្តម គន់ គីម៖ ការរៀបចំដីកសិកម្មនឹងកាន់តែលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន

ឯកឧត្តម គន់ គីម៖ ការរៀបចំដីកសិកម្មនឹងកាន់តែលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន

9 កញ្ញា 2026
1 នាទីអាន

ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ថ្លែងថា បន្ទាប់ពីបានកសាងភូមិឋានជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ឆ្នាំង គណៈកម្មាធិការកណ្តាលសមាគមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបន្តផែនការសកម្មភាពតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺការរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើកសិកម្មនៅនឹងមូលដ្ឋានរបស់ខ្លួន។

បើតាមរបាយការណ៍របស់ គណៈកម្មាធិការ អ.ន.ក.ខេត្ត ភូមិអូរកាខុប មានផ្ទះដែលបានសាងសង់ជូនអតីតយុទ្ធជន និងនិវត្តជនរួចចំនួន ២១៤ខ្នង ដោយបានធ្វើផ្លូវគ្រួសក្រហមជុំវិញភូមិចំនួន ២ខ្សែ បានប្រវែងប្រមាណ ៤ពាន់ម៉ែត្រ ធ្វើផ្លូវដីសរ ១៧ខ្សែ បានប្រវែងជាង ២៣,២៧៧ម៉ែត្រ ដាក់លូរំដោះទឹក ៧កន្លែង ជីកស្រះ ៤កន្លែង ជីកអណ្តូងទឹកចំនួន ៨៩អណ្តូង និងរាយបង្គោលភ្លើងចំនួន ២៥០ដើម។

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម គន់ គីម សូមសម្តែងការកោតសរសើរទៅដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកំពុងរស់នៅ ថែទាំ និងបានដាំដុះដំណាំហូបផ្លែជុំវិញផ្ទះរបស់ខ្លួន ដូចជា ដូង មៀន ចេក និងឪឡឹកជាដើម ដែលនេះបង្ហាញពីទឹកចិត្ត និងថែរក្សាមរតកជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអនុប្រធានទី១សមាគម។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់អំពីការគិតគូរពីការលើកកម្ពស់ជីវភាពរស់នៅអតីតយុទ្ធជន និងនិវត្តជន តាមរយៈការរៀបចំដីសម្បទានសម្រាប់សាងសង់ផ្ទះ និងដីធ្វើកសិកម្ម។ ក្នុងនោះ តាមបណ្តាខេត្តដែលមានការអភិវឌ្ឍភូមិអតីតយុទ្ធជន គឺត្រូវបានរៀបចំកសិកម្មបែងចែកជូនគ្រួសារពួកគាត់ ដើម្បីបង្កបង្កើនផលដំណាំកសិកម្ម។

ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ដោយផ្អែកលើគុណបំណាច់ និងស្ថានភាពជីវភាពទីទ័លរបស់អតីតយុទ្ធជន និងនិវត្តជន ផែនការសកម្មភាពរៀបចំដីសម្បទានសង្គមកិច្ចធ្វើកសិកម្ម គឺជាការលើកស្ទួយបន្ថែមពីលើប្រាក់សោធន និងការឧបត្ថម្ភនានាពីរាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាជួយជ្រោមជ្រែងជីវភាពរស់នៅប្រចាំថ្ងៃពួកគាត់កាន់តែប្រសើរឡើង។

ឯកឧត្តម គន់ គីម បន្តថា ក្រោយពីផែនការសកម្មភាពបែងចែកដីកសិកម្ម នាពេលខាងមុខ ភូមិអតីតយុទ្ធជន និងនិវត្តជនខាងលើ នឹងមានក្រុមការងាររបស់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលនឹងមកជួយស្ថាបនាបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គន់ គីម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអនុប្រធានទី១សមាគម ដែលជានិច្ចកាលតែងផ្តល់អនុសាសន៍ឱ្យចុះពិនិត្យ និងតាមដានពីស្ថានភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានចំពោះមុខ៕

ចែករំលែកអត្ថបទនេះ