ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យជីវភាព ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ

ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យជីវភាព ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ

16 កក្កដា 2026
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យជីវភាព ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន មានទាំងដំណាំ ជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើន និងដំណាំរួមផ្សំជាច្រើនទៀត។ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការដាំដុះដំណាំទាំងអស់នេះ នៅពេលហុចផលនឹងជួយដល់ប្រជាពលរដ្ឋភៀសសឹកអាចយកទៅការលក់ដូរ ទទួលទាន ដែលជាផ្នែកមួយជួយសម្រួល និងកាត់បន្ថយការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ឯកឧត្តម គន់ គីម ក៏បានណែនាំ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីនេះចូលរួមក្នុងចលនាកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត» ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចលនានេះគឺចង់បំផុសគំនិតមួយក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាព អាហារូបត្ថម្ភ និងសេដ្ឋកិច្ចគ្រួសារ។ កម្មវិធីនេះមិនត្រឹមតែផ្ដោតលើភាពស្អាតនៃលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការបង្កើតផលិតកម្មកសិកម្មជុំវិញផ្ទះផងដែរ៕

ចែករំលែកអត្ថបទនេះ