អ.ន.ក.ខេត្តកណ្តាល ចុះពិនិត្យសមាជិករស់នៅផ្ទះនៅដីសម្បទានសង្គមកិច្ច ក្នុងខេត្តកំពង់ឆ្នាំង
12 សីហា 2026
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន អ.ន.ក. វិស័យព័ត៌មាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប លោក ចាន់ សម្បត្តិ អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), លោកស្រី អ៊ុក សារ៉ាន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកវិទ្យុជាតិកម្ពុជា (RNK) និង លោក សក្តិ ស៉ីថន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK)។
ពិធីនេះក៏មានការអមដំណើរដោយ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក.វិស័យព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក. វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន រួមទាំងសមាជិក សមាជិកាលេខាធិការដ្ឋាន។
ក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បាននាំយកអំណោយរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូនអតីតនិវត្តជនទាំង៣រូបដែលម្នាក់ៗទទួលបានរួមមាន អង្ករ៣បេ, មី ២កេស, ត្រីខ១កេសធំ, ទឹកសុទ្ធ ២កេសធំ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំងពីររូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត និងទទួលបានការយកចិត្តទុកដាក់បន្ថែម។ ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។
នាឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នេត្រ ភក្ត្រា ដែលជានិច្ចកាលតែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕
រូបភាព៖ ក្រសួងព័ត៌មាន/ឡុង ដេវីត
12 សីហា 2026
2 សីហា 2026
31 កក្កដា 2026