លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនក្នុងវិស័យព័ត៌មានចំនួន០៤នាក់
30 តុលា 2026
ដើម្បីសម្តែងនូវកត្តញ្ញូតាធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជន វិស័យព័ត៌មានដែលធ្លាប់បានលះបង់កម្លាំងកាយចិត្តក្នុងវិស័យព័ត៌មាន លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធាន អ.ន.ក. វិស័យព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ អ.ន.ក. វិស័យព័ត៌មាន ចុះសាកសួរសុខទុក្ខ អតីតមន្ត្រីរាជការ វិស័យព័ត៌មានចំនួន ០៤នាក់ ដល់លំនៅដ្ឋានដោយផ្ទាល់។
ក្នុងឱកាសចុះជួបសំណេះសំណាលប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនោះលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា មានប្រសាសន៍ថា ការចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមកជូននាពេលនេះ គឺស្តែងចេញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន ក៏ដូចជាក្នុងនាមលោកជំទាវផ្ទាល់ ចំពោះបងប្អូននិវត្តជនទាំង០៤រូប។
ការចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនអតីតមន្ត្រីរាជការចូលនិវត្តន៍នេះគឺបានបង្ហាញនូវមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការចងចាំ និងដឹងគុណចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃរបស់រៀមច្បង ដែលបានបម្រើការងារក្នុងវិស័យព័ត៌មានអស់ជាច្រើនឆ្នាំកន្លងមក។ លោកជំទាវមានប្រសាសន៍ថា អ.ន.ក. វិស័យព័ត៌មាន និងថ្នាក់ដឹកនាំទាំងអស់មិនដែលបោះបង់ ឬបំភ្លេចចោលនូវរៀមច្បងឡើយ ហើយយើងឈរនៅក្បែរ និងបង្កើនការយកចិត្តទុកដាក់លើសុខុមាលភាព ជីវភាព និងការរស់នៅរបស់បងប្អូននិវត្តជនទាំងអស់ឱ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសារលើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន អ.ន.ក. វិស័យព័ត៌មាន ជូនចំពោះអតីតមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំង០៤រូប និងក្រុមគ្រួសារ ដោយទទួលនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនអតីតមន្ត្រីរាជការទាំងអស់ ដែលបានបន្សល់ទុកនូវស្នាដៃ និងគំរូវីរភាពយ៉ាងល្អប្រសើរសម្រាប់វិស័យព័ត៌មានកម្ពុជា និងជូនពរឱ្យមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមានក្តីសុខក្នុងគ្រួសារ។
អំណោយ ដែល អ.ន.ក. វិស័យព័ត៌មាន នាំយកមកចែកជូនមាននិវត្តជនលោក ហេង សុគន្ធ អតីតមន្ត្រីរាជការ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា, លោក ប្រាក់ សម្បត្តិ អតីតមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា, លោក ជិត ប៊ុនម៉ា អតីតមន្ត្រីរាជការនៃអគ្គនាយក ដ្ឋានវិទ្យុជាតិកម្ពុជា និងលោក រាំង សុង អតីតមន្ត្រីរាជការនៃអគ្គ លេខាធិការដ្ឋាន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម, មី ២កេស, ត្រីខ ១កេសធំ, ទឹកសុទ្ធ ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។
នៅក្នុងឱកាសនោះដែរ បងប្អូននិវត្តជនទាំង ០៤នាក់ រួមទាំងគ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន ទាំងអស់ ដែលតែងតែផ្តល់ក្តីស្រឡាញ់ យកចិត្តទុក ដាក់ និងមិនបោះបង់ចោលមន្ត្រីចាស់ៗដែលធ្លាប់មានបេសកកម្មបម្រើជាតិមាតុភូមិនោះឡើយ៕
អត្ថបទ៖ អ.ន.ក. វិស័យព័ត៌មាន រូបថត៖ ឡុង ដេវីត
30 តុលា 2026
26 តុលា 2026
25 កញ្ញា 2026