ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីគង់ប្រថាប់ព្យាបាលព្រះរាជសុខភាពជាង ៤ខែ នាទីក្រុងប៉េកាំង

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីគង់ប្រថាប់ព្យាបាលព្រះរាជសុខភាពជាង ៤ខែ នាទីក្រុងប៉េកាំង

6 កក្កដា 2026
1 នាទីអាន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីទ្រង់បានគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពអស់រយៈពេលជាង ៤ខែ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងព្រះរាជដំណើរយាងនិវត្តន៍ពីទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលនេះ មានការអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងមន្ត្រី អ្នកមុខអ្នកការ ព្រះរាជវង្សានុវង្ស ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូត ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ បានយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត ចិន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បើគិតត្រឹមថ្ងៃយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា​វិញគឺមានរយៈពេលជាង ៤ខែ៕

រូបថត៖ ផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន

ចែករំលែកអត្ថបទនេះ