«ផ្ទះថ្មី១២៦ខ្នង» ជាជម្រកដ៏កក់ក្ដៅរបស់គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តស្វាយរៀង

«ផ្ទះថ្មី១២៦ខ្នង» ជាជម្រកដ៏កក់ក្ដៅរបស់គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តស្វាយរៀង

7 មេសា 2026
1 នាទីអាន

នៅថ្ងៃទី៧ ខែមេសា  ឆ្នាំ២០២៦ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍លំនៅដ្ឋាន ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨  ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា, សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ក្រុមប្រឹក្សាខេត្ត, អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងគ្រួសារ គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ទាំង១២៦គ្រួសារ។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធាន អ.ន.ក. ខេត្តស្វាយរៀង អញ្ជើញឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការរៀបចំ និងសាងសង់ផ្ទះ១២៦ខ្នងសម្រាប់ គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅលើដីសម្បទានសង្គមកិច្ចស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសប្រគល់ផ្ទះ និងដីឡូត៍លំនៅដ្ឋានជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅថ្ងៃនេះ ដែលនេះជាការការតបស្នងចំពោះវីរភាពយុទ្ធមិត្តដែលបានចូលរួមក្នុងចលនាតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ដើម្បីប្រទេសជាតិមានសុខសន្តិភាពរួចផុតពីគុកឥតជញ្ជាំង។

សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានប្រសាសន៍ថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នេះ ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលលេខ ២៤ សសរ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មានគោលដៅថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ព្រមទាំងជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយជួបទុក្ខលំបាក។

ជាក់ស្តែងនៅថ្ងៃនេះផ្ទះចំនួន១២៦ខ្នងត្រូវបានសាងសង់រួចរាល់ និងប្រគល់ជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ទំហំ ៥ គុណ ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសី រនាបក្រាលក្តា ជញ្ជាំងស្មាតប៊ត និងមានតសំយ៉ាបចង្ក្រានបាយប្រវែង ៣ម៉ែត្រកន្លះ តសំយ៉ាបមុខប្រវែង ៣ម៉ែត្រ មានបង្គន់អនាម័យដាច់ដោយឡែក និងទទួលបានដី ៣០ម៉ែត្រ គុណ៤០ម៉ែត្រ ដែលបងប្អូនអតីតយុទ្ធជន អាចប្រើប្រាស់ជាសម្រាប់ធ្វើកសិកម្មដើម្បីអាចរកចំណូលបន្ថែមក្នុងគ្រាចូលនិវត្តនិ៍នេះ។ ជាមួយគ្នានេះដែរក្រុមការងារជំនាញក៏បានរៀបចំជាប្រព័ន្ធភ្លើងមេរួចរាល់ជាស្រេចដើម្បីសម្រួលដល់ការរស់នៅ។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍សំណេះសំណាល និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ទាំងអស់ ដែលមកទទួលផ្ទះនៅក្នុងថ្ងៃនេះ ព្រមទាំងបានដាំដើមឈើជានិមិត្តរូប និងជូនអំណោយគ្រឿងឧបភោគបរិភោគ ថវិកា ដល់អ្នកចូលរួមចំនួន ៥៥០គ្រួសារផងដែរ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ដែលបានគ្រប់គ្រង និងដឹកនាំការងារនានារបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ព្រមទាំងកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ទាំងថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តស្វាយរៀងទាំងអស់ដែលបានជួយរៀបចំ និងសម្របសម្រួលការងារដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត៕

ចែករំលែកអត្ថបទនេះ