ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ផ្ទះអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន ១៧គ្រួសារ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ផ្ទះអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន ១៧គ្រួសារ

4 កញ្ញា 2026
1 នាទីអាន

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ចំនួន១៧គ្រួសារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅមណ្ឌលតេជោសន្តិភាពការ៉េពីរ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ពិធីនេះ ក៏មានការអមដំណើរដោយ លោក ឃ្លោក នួយ ប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត លោក ហ៊ឹល រ៉ាយ៉ា អនុប្រធាន អ.ន.ក.ខេត្ត លោកស្រី ចំរេីន ដាណេ អភិបាល រួមនឹងក្រុមការងារស្រុក -ឃុំ។

ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងបានចាត់ក្រុមការងារចុះជួបជាមួយបងប្អូន ជាប់ជាប្រចាំ។

នាឱកាសនោះ ឯកឧត្ដម ក៏បានសម្តែងពីការដឹងគុណ ចំពោះវីរភាពរបស់អតីតយុទ្ធជនកម្ពុជាអតីតយុទ្ធជន និងនិវត្តជន ដែលជាវីរបុរសដ៏ឆ្នើម លះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយចិត្ត ដើម្បីការពារទឹកដី សន្តិភាព និងកសាងសុខសន្តិភាពជូនមាតុភូមិកម្ពុជា។

លើសពីនេះ ឯកឧត្តម បន្តថា ការឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏ជូរចត់ និងរលកនៃប្រវត្តិសាស្ត្រ បានធ្វើឱ្យបងប្អូនអតីតយុទ្ធជនមួយចំនួនធំត្រូវបាត់បង់សមាជិកគ្រួសារ ខ្លះក៏ធ្លាក់ខ្លួនពិការ។

ជាមួយនឹងការតបស្នងនេះដែរ ឯកឧត្តម បន្ថែមថា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងលេីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន តាមរយៈការជួយឧបត្ថម្ភគាំពារដល់ក្រុមគ្រួសារ ឧបត្ថម្ភដី និងផ្ទះ សម្រាប់ស្នាក់នៅសមរម្យ ព្រមទាំង បានឧបត្ថម្ភគាំពារផ្សេងៗដោយគ្មានការរេីសអេីងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡេីយ ព្រមទាំងផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ជួយសម្រាលបន្ទុកចំណាយលើការថែទាំសុខភាព ជាពិសេសនៅក្នុងវ័យជរា ឬអ្នកដែលមានពិការភាពជាដេីម៕

ចែករំលែកអត្ថបទនេះ