ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្តកំពត

ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្តកំពត

13 កក្កដា 2026
1 នាទីអាន

នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  បាន អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់កណ្តាល  លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត និងជាអនុប្រធានអ.ន.ក. ខេត្តកំពត ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និង សាខាអ.ន.ក.ឃុំ សង្កាត់  ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំង លោក លោកស្រីជាមន្ត្រីជំនាញជុំវិញខេត្តកំពត។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ សុខ បានមានប្រសាសន៍ថា ដោយសារតែ មានការផ្លាស់ប្តូរក្រុមការងារលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មី និងស្របពេលដែលសមាគមពង្រីកវិសាលភាពនៃការងារ បញ្ចូលនិវត្តជនតាម ក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្តចូលជា សមាជិកភាពសមាគមទើបថ្នាក់ដឹកនាំសមាគមចាត់តាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់ អ.ន.ក. ថ្នាក់កណ្ដាល ចុះមកធ្វើការបណ្តុះបណ្ដាល និង ពង្រឹងសមត្ថភាពការងារសមាគមក្នុងបរិបថ និងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺ បណ្តុះបណ្តាលបំប៉នការងារដ្ឋបាលពាក់ព័ន្ធ ការបញ្ចូលសមាជិកសមាគម និងការ ងារបេឡាមរណសង្គ្រោះ អ.ន.ក. សំដៅធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានយល់ច្បាស់ ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ឯកឧត្តម អ៊ុំ សុខ បានបន្ថែមទៀតថា កាលពីមុន អ.ន.ក. តាមថ្នាក់នីមួយៗ គឺគ្រប់គ្រងសមាជិកសមាគមតែលើអតីតយុទ្ធជន និងគ្រួសារប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺយើងត្រូវគ្រប់គ្រងស្ថិតិបញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និង​ និវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែច្បាស់។

ឯកឧត្តមអគ្គលេខាធិការរងមានប្រសាសន៍ ជំរុញ និងណែនាំដល់គណៈកម្មាធិការ អ.ន.ក. ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ទាំងអស់ ត្រូវចុះធ្វើស្រង់ទិន្នន័យសមាជិកសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីចងក្រងធ្វើជាសៀវភៅសម្រាប់តម្កល់នៅថ្នាក់មូលដ្ឋាន ក្រុង ខេត្ត និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ចំនួន ដើម្បីដើម្បីជាឯកសារ​យោងសំខាន់ និងផ្តល់ភាពងាយស្រួលទំនាក់ទំនងជាមួយសមាជិក។

ជាចុងបញ្ចប់ ឯកឧត្តម អ៊ុំ សុខ បានស្នើឱ្យថ្នាក់ដឹកនាំព្រមទាំងក្រុមការងារ​នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត គ្រប់ថ្នាក់ទាំងអស់ ត្រូវខិតខំស្តាប់ការធ្វើបទបង្ហាញ​របស់គ្រូឧទ្ទេសដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តការងារសមាគមកាន់តែល្អប្រសើរ និងកាន់តែមាន ប្រសិទ្ធភាពខ្ពស់៕

ចែករំលែកអត្ថបទនេះ