«ផ្ទះថ្មី១២៦ខ្នង» ជាជម្រកដ៏កក់ក្ដៅរបស់គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តស្វាយរៀង
7 មេសា 2026
រសៀលថ្ងៃអង្គារទី៧ ខែមេសា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍លំនៅដ្ឋានជូន គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០ខ្នង នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា, សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ក្រុមប្រឹក្សាខេត្ត, អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងគ្រួសារ គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ជាម្ចាស់ផ្ទះទាំង៥០គ្រួសារ និងគ្រួសារអតីតយុទ្ធមិត្តចំនួន ១២៥ គ្រួសារផ្សេងទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ និងមានប្រសាសន៍ក្នុងពិធីថា ការផ្តល់ផ្ទះ និងដីឡូត៍លំនៅដ្ឋាន ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងសងគុណដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។
ឱកាសនោះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អតីតយុទ្ធមិត្តឆ្នាំ១៩៧៨ទាំងអស់។
សូមបញ្ជាក់ថា បន្ទាប់ពីប្រគល់ផ្ទះ និងដីឡូត៍លំនៅដ្ឋានជូនចំពោះគ្រួសារអតីតយុទ្ធមិត្តចំនួន៥០គ្រួសាររួច សម្តេចក៏បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់អ្នកចូលរួមចំនួនទាំង ៣២០គ្រួសារ ផងដែរ៕