សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះមួយខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះមួយខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង

16 មករា 2026
1 នាទីអាន

ក្រោយទទួលបានអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់យោធិន ឈ្មោះ ភឹម ផន អាយុ ៦៤ឆ្នាំ រស់នៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។

បន្ទាប់ពីពិនិត្យឃើញពីការលំបាក ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឱ្យគណៈកម្មាធិការសមាគមខេត្តដឹកនាំក្រុមការងារចុះសាងសង់ផ្ទះ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយផ្ទះខាងលើនេះ នឹងសាងសង់លើដីដែលកំពុងរស់នៅសព្វថ្ងៃ ផ្អែកតាមសំណូមពររបស់យោធិន និងក្រុមគ្រួសារ។

ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមថ្នាក់កណ្តាល, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមថ្នាក់ខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានផ្តល់អនុសាសន៍ជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល និងថ្នាក់ដឹកនាំសមាគមថ្នាក់រាជធានី-ខេត្តនៅទូទាំងប្រទេស ក្នុងការពិនិត្យពីជីវភាពរស់នៅ និងដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន និងនិវត្តជនរូបណាដែលខ្វះខាតពិតប្រាកដ។

ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានចុះពិនិត្យ និងផ្តល់ផ្ទះជូនអតីតយុទ្ធជនដែលមានដីអត់ផ្ទះជាបន្តបន្ទាប់ ដែលនេះជាការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តដែលបានរៀបចំភូមិអតីតយុទ្ធជនកន្លងមក ជាពិសេសនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ខេត្តពោធិ៍សាត់ ដែលត្រូវបានចាត់ទុកជាភូមិគំរូសម្រាប់អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត លើកឡើងថា គោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន៕

ចែករំលែកអត្ថបទនេះ