អំណោយផ្ទះថ្មីខ្នងទី២២ ក្នុងស្រុកតាំងគោក របស់សម្តេចតេជោប្រគល់ជូនគ្រួសារអតីតយុទ្ធជន

អំណោយផ្ទះថ្មីខ្នងទី២២ ក្នុងស្រុកតាំងគោក របស់សម្តេចតេជោប្រគល់ជូនគ្រួសារអតីតយុទ្ធជន

1 កុម្ភៈ 2026
1 នាទីអាន

ព្រឹកថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាង អ.ន.ក. ខេត្តកំពង់ធំ អមដំណើរដោយលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក បានដឹកនាំក្រុមការងារ ទៅប្រគល់ផ្ទះថ្មី ខ្នងទី២២ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ លោក យោគ យូង មានអាយុ ៦០ឆ្នាំ មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក យោគ យូង បានរៀបរាប់ថា លោកបានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៣ នៅអង្គភាពកងអនុសេនាធំលេខ៤ ចំណុះយោធាខេត្តកំពង់ឆ្នាំង មានឋានន្តរសក្ដិនាយចំណង់ ហើយត្រូវបានធ្លាក់ខ្លួនពិការ ក្នុងសមរភូមិដោយសារសង្គ្រាមនៅដើមឆ្នាំ ១៩៩៨ បច្ចុប្បន្នមានកូន និងចៅនៅក្នុងបន្ទុកចំនួន ០៥នាក់ មានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ផ្ទះថ្មីដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ និងបង្គន់អនាម័យចំនួន១។ នេះជាអំណោយផ្ទះទី២២ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានសាងសង់ និងប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ក្នុងទឹកដីស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់លោក យោគ យូង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។

លោកនាយចំណង់ យោគ យូង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសាងសង់ផ្ទះថ្មី និងផ្តល់អំណោយ សម្រាប់ផ្ដល់ជូនក្រុមគ្រួសារគាត់នៅពេលនេះ សូមគោរពជូនពរសម្តេច ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាត៕

ចែករំលែកអត្ថបទនេះ