អតីតយុទ្ធជន២គ្រួសាររស់នៅក្រុងស្ទឹងសែនទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុន សែន

អតីតយុទ្ធជន២គ្រួសាររស់នៅក្រុងស្ទឹងសែនទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុន សែន

5 មករា 2026
1 នាទីអាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការ អ.ន.ក. ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត មានដី តែគ្មានជម្រកស្នាក់នៅសមរម្យ រស់នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជនទាំង២គ្រួសារខាងលើរួមមាន គ្រួសារទី១ លោកនាយឯក ហួន សារ៉ន ជាអតីតយុទ្ធជនពិការ មានភរិយានិងកូននៅក្នុងបន្ទុកសរុបចំនួន ៣នាក់ និងគ្រួសារទី២ លោកស្រី ផូ ឡាយ គ្រួសារអតីតយុទ្ធជនពលី មានកូននៅក្នុងបន្ទុកចំនួន ៥នាក់។

ផ្ទះដែលបានផ្ដល់ជូនក្នុងមួយខ្នងៗ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារ ដំបូលប្រក់ស័ង្កសីកិនភ្លី ដោយមានតសំយាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ជូនបងប្អូនអតីតយុទ្ធជនប្រើប្រាស់ផងដែរ។ ផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនតាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន  បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួនរួមមាន ចាន ឆ្នាំង ស្លាបព្រា មុង ភួយ កន្ទេល ខ្នើយ និងសម្ភារផ្ទះបាយមួយចំនួនទៀត ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ក្រុមគ្រួសារអតីតយុទ្ធជនទាំង០២ គ្រួសារខាងលើ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ៕

ចែករំលែកអត្ថបទនេះ